មិននិយាយអំពីលទ្ធផល មានរឿងអស្ចារ្យ ៤ សម្រាប់កម្ពុជា ពេលប៉ះជាមួយជប៉ុនយប់នេះ
រូបភាពពី Facebook
នេះអាចជាព្រឹត្តិការណ៍ដ៏កម្របំផុតមួយ
សម្រាប់ការប្រកួតបាល់ទាត់ជម្រុះវគ្គទី២ រវាងអ្នកចម្បាំងអង្គរ
និងក្រុមសាម៉ារ៉ៃ ជប៉ុន។ បើសិនយើងមិននិយាយអំពីលទ្ធផល ការប្រកួតនៅយប់
គឺពិតជាអស្ចារ្យបំផុតសម្រាប់កម្ពុជា ជាមួយរឿងអស្ចារ្យចំនួន៤។
- ទី១៖ ប្រទេសទាំងពីរ មានប្រវត្តិធ្លាប់ជួបគ្នាតែម្តងគត់នៅឆ្នាំ១៩៦៤ (លទ្ធផល ជប៉ុនឈ្នះ ៤ ទល់នឹង០)។
- ទី២៖
យើងនឹងបានឃើញ ប្រទេសកម្ពុជាតូច (ផ្នែកកីឡាបាល់ទាត់)
អាចលេងស្មើមុខស្មើមាត់ជាមួយប្រទេសធំ និងអស្ចារ្យ
ដែលលេចមុខស្ទើររាល់លើកនៅ World Cup ។
ក្នុងតារាងចំណាត់ថ្នាក់របស់សហព័ន្ធបាល់ទាត់ពិភពលោក FIFA
ជប៉ុនស្ថិតនៅលេខរឿងទី ៥៦ ចំណែកកម្ពុជាវិញ នៅលេខរៀងទី១៨០។
- ទី៣៖ យើងនឹងបានឃើញ ការខិតខំប្រឹងប្រែងដ៏ខ្លាំងក្លាបំផុត របស់កីឡាករខ្មែរទាំងអស់ លើទីលានអន្តរជាតិ នៅមុខអ្នកទស្សនាប្រមាណ ៦ម៉ឺននាក់ (ផ្ទាល់) និងរាប់លាននាក់ទូទាំងពិភពលោក។
- ទី៤៖ ផ្តល់អារម្មណ៍ដ៏រំភើបរកលេខដាក់គ្មានផង និងជាបទពិសោធន៍ផង សម្រាប់កីឡាករខ្មែរទាំងអស់ ដែលបានប្រកួតជាមួយ កីឡាករខ្នាតអន្តរជាតិ ដែលកីឡាករជប៉ុនខ្លះ អាចជា Idol របស់កីឡាករខ្មែរផង។
ការប្រកួតនេះ
គឺធ្វើឡើងនៅពហុកីឡដ្ឋាន សៃតាម៉ា ប្រទេសជប៉ុន និងកាត់សេចក្តីការប្រកួតដោយ
អាជ្ញាកណ្តាលជនជាតិកូរ៉េខាងត្បូង។ រូបភាពដ៏ជក់ចិត្តផង
ភ័យបុកពោះរាល់វិនាទីផង នឹងនាំមកជូនប្រជាជនខ្មែរទាំងអស់ដោយ BTV
ចាប់ពីវេលាម៉ោង ៥ៈ៣០នាទីល្ងាចតទៅ។
សូមបញ្ជាក់ថា
កម្ពុជា នឹងបើកពហុកីឡដ្ឋានជាតិរបស់ខ្លួន ដើម្បីទទួលភ្ញៀវ Samurai
វិញម្តងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥
ដែលរំពឹងថានឹងមានអ្នកចូលទស្សនាផ្ទាល់ជាង ៦ម៉ឺននាក់ ហើយចំនួននេះ
នឹងអាចបន្តជាប់ជាកំណត់ត្រា “ការប្រកួតជម្រុះបាល់ទាត់នៅអាស៊ី
ដែលមានអ្នកទស្សនាច្រើនបំផុត” បន្ទាប់ពីការប្រកួតរវាងកម្ពុជា និងសិង្ហបុរី
កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥។
រក្សាសិទ្ធិដោយ៖ គេហទំព័រ ចែកចាយ (JakJay)
0 comments:
Post a Comment